សាលាភូមិន្ទរដ្ឋបាលបានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ទៅក្នុងការបណ្តុះបណ្តាលរបស់ខ្លួន

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាលបានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ទៅក្នុងការបណ្តុះបណ្តាលរបស់ខ្លួន។ លោកលើកឡើងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា មុខវិជ្ជាបន្ថែមនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ឱ្យសិស្សមន្ត្រី និងធ្វើឱ្យក្របខណ្ឌនៃការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល កាន់តែមានភាពពេញលេញ ទាំងការបណ្តុះជំនាញ ចំណេះដឹង ចំណេះធ្វើដោយប្រើប្រាស់ចំណេះដឹងទាំងអស់នេះ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

បើតាមលោក ហ៊ុន ម៉ានី ការរៀបចំនេះ ជាការដើរស្របជាមួយបរិបទនៃការទម្រង់រដ្ឋបាលសាធារណៈក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារការចូលរួម ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីរាជការគ្រប់រូបជាមួយឆន្ទៈ មនសិការជាតិ ដោយហ៊ានលះបង់ ដើម្បីប្រយោជន៍ជាតិជាធំ។ លោកបញ្ជាក់ថា ការបញ្ជ្រាបឧត្តមភាពមន្ត្រីរាជការ មិនត្រឹមតែជំរុញឱ្យមានការចូលរួមក្នុងការកែទម្រង់តែប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនប្រជាជន មានប្រសិទ្ធភាព និងគុណភាព ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ “… ការកែទម្រង់ត្រូវយកប្រជាពលរដ្ឋជាគោល…ត្រូវបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ។”

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្នុងនាមជាមន្ត្រីរាជការ គួរចាត់ទុកតួនាទីរបស់ខ្លួន មិនត្រឹមតែលើការងារតែប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្ម ក្នុងការបំពេញការងារប្រកបដោយឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឧត្តមគតិជាមន្ត្រីរាជការ ត្រូវឈរក្នុងតម្លៃ ដែលឆ្លុះបញ្ចាំង ពីការទទួលខុសត្រូវនៃអភិបាលកិច្ចល្អ និងសេចក្តីទុកចិត្តពីប្រជាជន»៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកលោក ហ៊ុន ម៉ានី