លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងនោះក៏មានក្រសួងមហាផ្ទៃជាសេនាធិការ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញមានតែបន្តប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធឡាយ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល។
លោក ស សុខា បានថ្លែងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ ឬការរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ។


ក្នុងពិធីបិទសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីថ្ងៃទី២៦ ខែឧសភា លោក ស សុខា បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចអ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលពេលនោះ មានសម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ជាសេនាធិការ បានបង្កើតនូវយន្តការ ទាំងយន្តការច្បាប់ និងយន្តការអនុវត្តការងារជាច្រើនរហូតឈានដល់ការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ដែលដាក់ដោយអង្គការហ្វាត (FATF)។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងនោះក៏មានក្រសួងមហាផ្ទៃជាសេនាធិការ លើការងារមួយចំណែក នៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញមានតែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធឡាយ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល។

ជាក់ស្ដែង សិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់ក្រសួងមហាផ្ទៃ នៅក្នុងការផ្សព្វផ្សាយទ្រឹស្ដី និងបទពិសោធន៍នៃការអនុវត្ត ទាំងពីជុំវិញពិភពលោក រួមទាំងបទពិសោធន៍ដែលកម្ពុជាបានធ្វើ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹង និងបន្តរួមគ្នាធ្វើការនានាបានល្អប្រសើរថែមទៀត លើការប្រឆាំងការសម្អាតប្រាក់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចក្រឡាហោម ស ខេង