កំពូលអ្នកមានស្រុកថៃ ចាប់ផ្ដើមបែងចែកក្រុមហ៊ុនឲ្យកូនៗបន្តគ្រប់គ្រង

មហាសេដ្ឋីមានបំផុតលំដាប់ទី២ នៅប្រទេសថៃ លោក Charoen Sirivadhanabhakdi បានផ្ទេរសិទ្ធកាន់កាប់ក្រុមហ៊ុនខ្នាតយក្ស Sutthasup 9 ទៅឲ្យកូនៗចំនួន ៥រូបរបស់ខ្លួន ដែលនេះគឺជាសញ្ញានៃការផ្ទេរមរតកបណ្ដើរៗរបស់កំពូលអ្នកមានរូបនេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Bloomberg បានចុះផ្សាយថា លោក Charoen បានលក់ភាគហ៊ុនដែលមានទាំងអស់ក្នុងក្រុមហ៊ុន Sutthasup 9 ទៅឲ្យកូនៗរបស់លោក ខណៈក្រុមហ៊ុននេះមិនបង្ហាញពីចំនួនភាគហ៊ុនដែលម្ចាស់ក្រុមហ៊ុន ThaiBev មាននោះឡើយ។

ក្រុមហ៊ុន Sutthasup 9 គឺជាក្រុមហ៊ុនរកស៊ីលើពហុវិស័យ និងមានបុត្រសម្ព័ន្ធជាច្រើន ហើយក៏ជាប្រភពចំណូលដ៏ធំរបស់មហាសេដ្ឋីថៃរូបនេះផងដែរ។ ទោះជាមានការផ្លាស់ប្ដូរម្ចាស់ក្ដី ប៉ុន្តែរចនាសម្ព័ន្ធក្រុមហ៊ុននឹងរក្សាទុកដដែល ពោលប្រតិបត្តិការអាជីវកម្ម រួមទាំងក្រុមប្រឹក្សាភិបាល ក៏ដូចជាបុគ្គលិកទាំងអស់ នឹងរក្សាទម្រង់អាជីវកម្មដដែល ដោយគ្មានការផ្លាស់ប្ដូរ។

គួរជម្រាបបន្តិចថា លោក Charoen វ័យ ៨១ឆ្នាំ គឺជាមហាសេដ្ឋីមានបំផុតទី២ នៅថៃ ដោយមានទ្រព្យសម្បត្តិប្រហែល ១១,៦ពាន់លានដុល្លារ ហើយលោកត្រូវបានគេដាក់រហស្សនាមឲ្យថា ជាស្ដេចត្រាញ់ក្នុងវិស័យផលិតស្រាបៀរ ដ្បិតក្រុមហ៊ុន ThaiBev របស់លោក គឺជាអ្នកផលិតស្រាបៀរ និងស្រាវីស្គីធំបំផុតក្នុងប្រទេស៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg