សមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» នៅខេត្តព្រះសីហនុ បានបិទបញ្ចប់កាលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយភាពជោគជ័យ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពកម្ពុជា-ចិន។


បើតាមសេចក្តីរាយការណ៍របស់ប្រធានគណៈកម្មការដឹកនាំធ្វើសមយុទ្ធបានឱ្យដឹងថា សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ការបង្កើនសមត្ថភាពលើប្រតិបត្តិការប្រើប្រាស់កម្លាំងមធ្យោបាយកងទ័ពជើងទឹកដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងការថែរក្សាស្ថិរភាព និងការពារសន្តិភាពក្នុងតំបន់។
សមយុទ្ធជើងទឹកនេះ ធ្វើឡើងនៅតំបន់ច្រកចន្លោះកោះតាង និងកោះរុងសន្លឹម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយចេញដំណើរពីកំពង់ផែមូលដ្ឋានកងទ័ពរាម ក្នុងចលនារូបភាពបំលាស់ទីមួយជួរបណ្តោយ ដើម្បីអនុវត្តយុទ្ធវិធីប្រតិបត្តិការទៅកាន់គោលដៅ។
គួរឲ្យដឹងថា សមយុទ្ធនាគមាសកងទ័ពជើងទឹកលើកទី២ រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពចិន ធ្វើឡើងក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរកងទ័ពជើងទឹកកម្ពុជា-ចិន សរុប ៦៧៧ នាក់ ក្នុងនោះសមយុទ្ធជើងទឹកកងទ័ពប្រទេសទាំងពីរបានប្រើប្រាស់នាវាចំនួន១០ គ្រឿង កម្ពុជាមាននាវាចូលរួមចំនួន ៧គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង, កងទ័ពចិនមាននាវាចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជម្រិតលើនាវាដឹកទំនិញ៕







អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកកងទ័ពជើងទឹក