អត្រាលក់រថយន្តនៅថៃ មានភាពវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជិត ២ឆ្នាំ

ការលក់រថយន្តក្នុងស្រុកនៃប្រទេសថៃ មានកំណើនប្រហែល ១% គិតត្រឹមខែមេសា ដែលនេះគឺជាទិន្នន័យវិជ្ជមានលើកដំបូង ក្នុងរយៈពេល ២៣ខែចុងក្រោយ។ នេះបើតាមការអះអាងពីសហព័ន្ធឧស្សាហកម្មថៃ (FTI)។

តាមដានជាមួយយើង៖ Million Times

ថ្វីបើអត្រាលក់រថយន្តក្នុងស្រុកមានភាពវិជ្ជមានមែន ប៉ុន្តែសង្វាក់ផលិតកម្ម និងការនាំចេញរថយន្តរបស់ប្រទេសថៃ នៅតែបន្តធ្លាក់ចុះដដែល។

នៅក្នុងខែមេសា ផលិតកម្មរថយន្តបានធ្លាក់ចុះ ០,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយផលិតរថយន្តបានត្រឹម ១០៤ ២៥០គ្រឿងប៉ុណ្ណោះ ខណៈនេះគឺជាការធ្លាក់ចុះ ២១ខែជាប់គ្នា ចំពោះទិន្នន័យផលិតរថយន្ត។ ចំណែកឯការនាំចេញវិញ បានថយចុះប្រហែល ៦,៣%។

គួរជម្រាបបន្តិចថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញរបស់ក្រុមហ៊ុនយក្សមួយចំនួនរួមមាន Toyota, Honda និង BYD ជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ Hot Magazine