អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបាននគរបាលអន្តរជាតិបញ្ជូនពីទីក្រុងមូស្គូ មកកាត់ទោសនៅកម្ពុជា

នេះជាករណីលើកទី១ហើយ ដែលមានមហាសេដ្ឋីខ្មែរត្រូវបាននគរបាលអន្តរជាតិ INTERPOL ចាប់ឃាត់ខ្លួនបញ្ជូនមកកម្ពុជា គឺអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីទីក្រុងមូស្គូ ប្រទេសរុស្ស៉ី ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឱ្យដឹងថា លោក ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជានៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥  ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ លោកបន្តថា ពេលនេះជនជាប់ចោទរូបនេះកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីមានចំណាត់ការបន្តនីតិវិធី។

គួរឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ម្ចាស់ក្រុមហ៊ុន ម៉ារីថាមស៍ គ្រុប ត្រូវបានបូលិសអន្តរជាតិ INTERPOL ធ្វើការឃាត់ខ្លួននៅថ្ងៃ១៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្ថានីយ៍រថភ្លើង នៃទីក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម