នាយករដ្ឋមន្រ្តីលើកទឹកចិត្តឲ្យក្រុមហ៊ុន BZI ពិនិត្យឱកាសវិនិយោគវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ក្រោយមានជំនួបនាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

លោក Dato’ Sri Dr. Shamir Kumar Nandy, ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានប្រតិបត្តិការអាជីវកម្មនៅក្នុងតំបន់ និងបណ្ដាប្រទេសនានា​ លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោកបានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុង​ការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានាដើម្បីគាំទ្រការវិនិយោគ និងដើម្បីធានាបរិយាកាសវិនិយោគមួយដែលអំណោយផលដល់វិនិយោគិនតាមរយៈការដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ​ និងគោលនយោបាយពាក់ព័ន្ធដែលមានភាពបត់បែន ជាក់ស្ដែង និងប្រាកដនិយម។

បន្ថែមលើនេះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីវិស័យសក្ដានុពលដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគ។ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី