កាលពីល្ងាចថ្ងៃពុធ ទី២១ ខែឧសភា មន្ទីរបញ្ចកោណបានទម្លាយថា រដ្ឋាភិបាលអាមេរិកបានយល់ព្រមទទួលយន្តហោះប្រណីត Boeing 747 ដែលជាអំណោយរបស់ប្រទេសកាតា ជូនចំពោះរដ្ឋបាលប្រធានាធិបតី Donald Trump។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។


រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានអះអាងថា យន្តហោះមួយគ្រឿងនោះ នឹងត្រូវយកមកកែច្នៃ និងបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ជាយន្តហោះ Air Force One សម្រាប់ប្រធានាធិបតី Trump។
លោក Pete មិនបានបញ្ជាក់ប្រាប់ឡើយថា តម្លៃជួសជុល និងកែច្នៃយន្តហោះមួយនេះ ត្រូវចំណាយអស់ប៉ុន្មាន ប៉ុន្តែសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យអះអាងថា រដ្ឋាភិបាលត្រូវចាយលុយយ៉ាងតិច ១ពាន់លានដុល្លារ ដើម្បីកែច្នៃយន្តហោះនោះ ឲ្យត្រឹមត្រូវតាមស្តង់ដាររបស់យន្តហោះផ្លូវការប្រធានាធិបតី។

គួរជម្រាបដែរថា ការកែច្នៃយន្តហោះអំណោយពីប្រទេសកាតា ទៅជាយន្តហោះផ្លូវការរបស់ប្រធានាធិបតី កើតឡើងដោយសារក្រុមហ៊ុន Boeing បានពន្យារពេលម្ដងហើយម្ដងទៀត ចំពោះការផលិតយន្តហោះ Air Force One ជំនាន់ថ្មី សម្រាប់មេដឹកនាំអាមេរិក ដែលធ្វើឲ្យលោក Donald Trump ម៉ួម៉ៅចំពោះរឿងនេះជាខ្លាំង។
ក្រុមហ៊ុន Boeing ទទួលបានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិកកាលពីឆ្នាំ២០១៨ ក្នុងតម្លៃជិត ៤ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះ Air Force One ចំនួន ២គ្រឿង ប៉ុន្តែមកទល់ពេលនេះ សូម្បីតែស្រមោលយន្តហោះក៏រដ្ឋាភិបាលអាមេរិកមិនទាន់បានឃើញផង ខណៈក្រុមហ៊ុន Boeing សុំពន្យារពេលរហូតដល់ឆ្នាំ២០២៧ ថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Reuters