នាថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានអំពាវនាវឲ្យលេខាធិការគណៈរដ្ឋមន្ត្រីទាំងអស់ ដាក់ពាក្យស្នើសុំលាលែងពីតំណែង ដើម្បីអាចឲ្យលោកធ្វើកំណែទម្រង់ថ្មី សម្រាប់ផ្គាប់ចិត្តប្រជាជន។


សារព័ត៌មាន Reuters បានចុះផ្សាយថា ការអំពាវនាវរបស់មេដឹកនាំហ្វីលីពីន កើតឡើងត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីទទួលបានលទ្ធផលខកចិត្តអំពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នាពេលកន្លងទៅ។
លោក Marcos បានថ្លែងនៅការិយាល័យប្រធានាធិបតីថា «នេះមិនមែនជារឿងផ្ទាល់ខ្លួនឡើយ វាទាក់ទងនឹងការអនុវត្ត ការតម្រឹម និងភាពបន្ទាន់។ អ្នកដែលតែងតែធ្វើការល្អ នឹងត្រូវបានទទួលស្គាល់ តែយើងចាំបាច់ត្រូវមានការជម្រុះចេញខ្លះ»។
គួរជម្រាបដែរថា បច្ចុប្បន្នប្រជាប្រិយភាពរបស់លោក Marcos កំពុងដាំក្បាលចុះជាខ្លាំង ដោយការជំរឿនកាលពីខែមីនាបង្ហាញថា មតិសាធារណៈគាំទ្រប្រធានាធិបតីរូបនេះ បានធ្លាក់ពី ៤២% មកនៅត្រឹម ២៥% ខណៈអនុប្រធានាធិបតី Sara Duterte កំពុងមានប្រៀបជាងខ្លាំង ដោយមានសម្លេងគាំទ្រដល់ទៅ ៥៩%៕
អត្ថបទ៖ Luffy រូបភាព៖ Reuters