នៅក្នុងវេទិកាសេដ្ឋកិច្ច ប្រទេសកាតា នាយកប្រតិបត្តិ Tesla មហាសេដ្ឋី Elon Musk កាលពីថ្ងៃអង្គារបានប្តេជ្ញាថា លោកមានបំណងបន្តធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ក្នុងរយៈពេល ៥ឆ្នាំទៀត ក្នុងគោលបំណងដើម្បីដោះស្រាយក្ដីកង្វល់សាធារណៈ ពាក់ព័ន្ធនឹងតួនាទីរបស់លោកដែលភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងរដ្ឋបាលរបស់លោក Trump ។


ការសម្រេចចិត្តរបស់លោក Musk អាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំក្រោយ ដោយសារតែលោកគឺជាអ្នកផ្គត់ផ្គង់ជំនួយដ៏ធំបំផុតផ្នែកនយោបាយសម្រាប់គណបក្សសាធារណរដ្ឋ ។
លោកបានក្លាយជាទីប្រឹក្សាដ៏សំខាន់របស់ប្រធានាធិបតី Donald Trump ក្នុងការដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល DOGE ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ Musk និយាយថា «ទាក់ទងនឹងការចំណាយផ្នែកនយោបាយក្នុងពេលអនាគត ខ្ញុំនឹងកាត់បន្ថយឱ្យនៅតិចជាងពេលនេះ។ ខ្ញុំគិតថា ខ្ញុំបានធ្វើគ្រប់គ្រាន់ហើយ» ។
សារព័ត៌មាន Reuters បានផ្សាយថា នៅក្នុងខែមេសា ក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះ ២០% នៃប្រាក់ចំណូលរថយន្ត និងការធ្លាក់ចុះ ៧១% នៃប្រាក់ចំណូលសុទ្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥។ ភាគហ៊ុននេះបានចាប់ផ្តើមប្រែប្រួលក្នុងឆ្នាំនេះ ហើយបានធ្លាក់ចុះជាង ១២% ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងប្រហែល ១% កាលពីថ្ងៃអង្គារ។ កិច្ចខិតខំប្រឹងប្រែងរបស់ Musk ក្នុងការគាំទ្រលោក Trump ត្រឡប់ទៅសេតវិមានវិញ ហើយធ្វើការនៅក្នុងរដ្ឋបាល Trump បានជំរុញឱ្យមានការតវ៉ាប្រឆាំងនឹងលោក និង Tesla ហើយបានធ្វើឲ្យអ្នកទិញរថយន្ត EV នាពេលអនាគតដកខ្លួនកាន់តែឆ្ងាយពីម៉ាក Tesla ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters