រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនលាលែងពីតំណែង ក្រោយនិយាយលើសលស់រឿងអង្ករ

រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក Taku Eto បានប្រកាសលាលែងពីតំណែងនៅថ្ងៃពុធ ទី២១ ខែឧសភា បន្ទាប់ពីលោកបាននិយាយលើសលស់រឿងអង្ករ ចំពេលទំនិញនេះកំពុងឡើងថ្លៃកប់ក្ដោងលើទីផ្សារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Eto ទទួលបានការរិះគន់ខ្លាំងក្លា បន្ទាប់ពីលោកបានលើកឡើងថា លោកមិនចាំបាច់ខ្វល់ពីការចំណាយលុយទិញអង្ករឡើយ ដ្បិតតែងតែទទួលបានពីអ្នកគាំទ្រ ខណៈសម្ដីមួយម៉ាត់នេះបានធ្វើឲ្យប្រជាជនជប៉ុនក្ដៅឆួលស្លឹកត្រចៀក ដោយសារបច្ចុប្បន្នតម្លៃអង្ករជប៉ុនបានបន្តឡើងថ្លៃជាលំដាប់។

អង្ករជប៉ុនក្នុងឆ្នាំនេះបានបន្តឡើងថ្លៃដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន ដោយសារការប្រមូលផលមិនសូវបានល្អ គួបផ្សំអង្ករនាំចូលមានតម្លៃធូរថ្លៃខ្លាំង បើធៀបនឹងតម្លៃអង្ករក្នុងស្រុក។

បន្ទាប់ពីលោក Eto ប្រកាសលាលែងតំណែង នាយករដ្ឋមន្ត្រី Shigeru Ishiba បានតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន Shinjiro Koizumi ជាអ្នកបន្តវេនលោក Eto ដោយបានអះអាងថា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី គឺជាអ្នកមានបទពិសោធន៍ជោគជាំ ចក្ខុវិស័យវែងឆ្ងាយ និងមានផែនការច្បាស់លាស់ ក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្មរបស់ជប៉ុន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters