ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ការណ៍នេះបានធ្វើឲ្យប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។


ក្នុងឱកាសសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភានេះលោក ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពពិភពលោកបានបន្តវិវត្តតាមលក្ខណៈស្មុគស្មាញប្រែប្រួលឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ស្រាប់ទៅហើយ ដោយសារតែការប្រកួតប្រជែងកាន់តែតានតឹងឡើងរវាងមហាអំណាចធំៗនៃពិភពលោក ជាពិសេសការប្រកួតប្រជែងរវាងអាម៉េរិក និងចិន។ ព្រមជាមួយនេះ នៅមានការប្រឈម ជាច្រើនដែលបង្កឡើងដោយបញ្ហាសន្តិសុខប្រពៃណី (តួយ៉ាងសង្គ្រាមនៅអ៊ុយក្រែន នៅហ្គាហ្សា ជម្លោះប្រដាប់អាវុធនៅតំបន់កាស្មៀរ ការគំរាមកំហែងនុយក្លេអ៊ែរ…) និងបញ្ហាសន្តិសុខមិនប្រពៃណី (ដូចការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្ម Cyber ជាដើម)។ លោកថា ទាំងប្រទេសតូច-ធំ ឬជាអំណាចកណ្តាលសុទ្ធតែត្រូវបង្ខំចិត្តពិចារណាឡើងវិញ កែសម្រួលជំហរយុទ្ធសាស្ត្រ នយោបាយការបរទេស នយោបាយសេដ្ឋកិច្ច សន្តិសុខ ដើម្បីការពារផលប្រយោជន៍គោលរបស់ជាតិរៀងៗខ្លួន។
លោកបានថ្លែងបន្តថា «សភាពការណ៍នេះបានធ្លាក់ទៅក្នុងភាពកាន់តែស្មុគស្មាញថែមទៀត ជាមួយនឹងការចាប់ផ្តើម អនុវត្តយុទ្ធសាស្រ្តការទូត និងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Trump បន្ទាប់ពីលោក ចូលកាន់តំណែងអាណត្តិទី២ ភ្លាមនោះ។ការប្រកាសរបស់លោកពាក់ព័ន្ធនឹងការចង់ច្បាមយកប្រទេសកាណាដា មកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក, ការយកGreenland សម្រាប់គោលដៅសន្តិសុខ, ការចង់យកមកវិញនូវព្រែកជីក Panama, ការចង់យកតំបន់ Gaza ពីប្រជាជនប៉ាឡេស្ទីន, ហើយចុងក្រោយនេះ ការប្រើវិធីដំឡើងពន្ធលើទំនិញនាំចូល អាមេរិកពីគ្រប់ប្រទេសដោយគ្មានលើកលែងនោះ បានបញ្ជាក់អំពីការងាកចេញរបស់រដ្ឋការ Trump ពីគោលការណ៍ច្បាប់អន្តរជាតិ ប្រព័ន្ធពហុភាគី និងកិច្ចព្រមព្រៀងជាអន្តរជាតិទាំងឡាយ ដែលអាម៉េរិកធ្លាប់ជារដ្ឋភាគីនិងហត្ថលេខី។ ទាំងនេះ គឺសំដៅសម្រេចនូវនយោបាយ «ផលប្រយោជន៍ អាមេរិកជាចំបង» និង «ធ្វើឱ្យអាម៉េរិកខ្លាំងក្លាឡើងវិញ» របស់លោកប្រធានាធិបតី Trump»។
លោកបានថ្លែងបន្ថែមថា នៅចំពោះមុខស្ថានភាពនេះ កម្ពុជាដែលជាប្រទេសតូច និងខ្សោយនៅឡើយខាងសេដ្ឋកិច្ច មានការចាំបាច់ក្នុងការពិចារណា រៀបចំកែសម្រួល តម្រែតម្រង់ទិសយុទ្ធសាស្ត្រ និងនយោបាយការបរទេសរបស់ខ្លួន ដើម្បីឆ្លើយតបនឹងវិបត្តិ និងការប្រឈមដែលកាន់តែស្មុគស្មាញទៅៗ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋសភា