បន្ទាប់ពីប្រើសឹងគ្រប់មធ្យោបាយទាំងធម៌ត្រជាក់ ទាំងការលួងលោមផង ពេលនេះប្រធានាធិបតី Donald Trump ចាប់ផ្ដើមអនុវត្តធម៌ក្ដៅម្ដង ដោយផាកពិន័យចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ណា ដែលមិនព្រមចាកចេញពីសហរដ្ឋអាមេរិកដោយខ្លួនឯង។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ថ្មីៗនេះអ្នកស្រី Wendy Ortiz ជនភៀសខ្លួនពីប្រទេស El Salvador ត្រូវបានរដ្ឋបាលលោក Trump ពិន័យជាសាច់ប្រាក់ ១,៨លានដុល្លារ ពីបទរស់នៅអាមេរិកដោយខុសច្បាប់។
ដំណឹងនេះបានធ្វើឲ្យលោកស្រី Ortiz ស្លុតចិត្តជាខ្លាំង ដ្បិតលោកស្រីអះអាងថា អាចរកចំណូលបានត្រឹម ១៣ដុល្លារក្នុងមួយម៉ោងពីរោងចក្រវេចខ្ចប់សាច់ក្នុងរដ្ឋ Pennsylvania ប៉ុណ្ណោះ ហើយប្រាក់ខែរបស់នាងបានត្រឹមតែរ៉ាប់រងការចំណាយប្រចាំថ្ងៃ និងថ្លៃជួលផ្ទះក៏សឹងតែមិនគ្រប់ ដូច្នេះគ្មានលទ្ធភាពសងថ្លៃផាកពិន័យនោះឡើយ។

លោកស្រី Ortiz អះអាងទៀតថា បានរស់នៅសហរដ្ឋអាមេរិករយៈពេល ១០ឆ្នាំហើយ ដោយបានរត់គេចពីប្ដីដែលចូលចិត្តប្រើអំពើហិង្សា និងការគំរាមកំហែងពីក្រុមជើងកាងក្នុងប្រទេស El Salvador ខណៈបច្ចប្បន្ននាងមានកូនប្រុសម្នាក់អាយុ ៦ឆ្នាំ និងមានជម្ងឺអូទីហ្សឹម។
សូមជម្រាបដែរថា ប្រធានាធិបតី Donald Trump បានដាក់គំនាបយ៉ាងខ្លាំងចំពោះជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក ដោយផ្ដល់លិខិតជូនដំណឹងអំពីការផាកពិន័យ ទៅកាន់ជនអន្តោប្រវេសន៍ចំនួន ៤ ៥០០នាក់ សរុបជាទឹកប្រាក់ច្រើនជាង ៥០០លានដុល្លារឯណោះ។
ចំពោះជនដែលទទួលបានលិខិតពិន័យ មានពេលរហូតដល់ ៣០ថ្ងៃដើម្បីប្ដឹងប្រឆាំងវិញ ជាលាយលក្ខណ៍អក្សរ និងពាក្យសម្បថ ភ្ជាប់ជាមួយភស្តុតាងដែលបញ្ជាក់ថា ពួកគេមិនគួរទទួលបានការពិន័យ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters