សមាជិកព្រឹទ្ធសភាអាមេរិក លោក Gary Peters បាននិយាយនៅក្នុងអង្គប្រជុំមួយកាលពីថ្ងៃអង្គារ ទី២០ ខែឧសភាថា ប្រធានាធិបតី Donald Trump កំពុងចាយលុយខ្ជះខ្ជាយឥតប្រយោជន៍ ចំពោះការឃុំខ្លួនជនអន្តោប្រវេសន៍នៅមូលដ្ឋានទ័ពជើងទឹក Guantanamo Bay ក្នុងប្រទេសគុយបា។


លោក Peters បានអះអាងថា រដ្ឋបាល Trump ចំណាយប្រហែល ១០០ ០០០ដុល្លារក្នុងមួយថ្ងៃ សម្រាប់ការឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់នៅទីនោះ ខណៈការចំណាយនេះមានខ្ទង់ច្រើនលើសលុប បើធៀបនឹងការឃុំខ្លួនពួកគេនៅអាមេរិកផ្ទាល់ ពោលការឃុំខ្លួននៅអាមេរិកចំណាយប្រហែល ១៦៥ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
អាជ្ញាធរអាមេរិកបញ្ជាក់ថា បច្ចុប្បន្នជនអន្តោប្រវេសន៍ខុសច្បាប់នៅមូលដ្ឋានទ័ពជើងទឹក Guantanamo Bay មានចំនួនសរុបប្រហែល ៧០នាក់ ដែលមានន័យថា រដ្ឋបាលលោក Trump ត្រូវចំណាយទឹកប្រាក់ប្រហែល ៧លានដុល្លារជារៀងរាល់ថ្ងៃ ដើម្បីឃុំខ្លួនពួកគេនៅទីនោះ។

សមាជិកព្រឺទ្ធសភាអាមេរិកបានចោទប្រកាន់លើនាយកដ្ឋានសន្តិសុខមាតុភូមិ ជុំវិញការចំណាយដ៏ខ្ជះខ្ជាយនេះ ចំពេលសេតវិមានដាក់សំណើសុំកញ្ចប់ថវិកាបន្ថែម ៤៤ពាន់លានដុល្លារ ដើម្បីពន្លឿនវិធានការបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់នៅអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ Aljazeera