សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភានេះ។


សម្ដេចបានសង្កត់ធ្ងន់ថា គ្រឹះដល់រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងសហគ្រាសធុនតូច និងមធ្យម ហើយរដ្ឋាភិបាលកំពុងតែបន្តភាពជាដៃគូជាមួយនឹងវិស័យឯកជនដើម្បីធានាកំណើនសេដ្ឋកិច្ច និងធ្វើឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។
នៅក្នុងឱកាសនោះ លោកឧកញ៉ា តែ តាំងប៉ បានជម្រាបជូនសម្ដេច ហ៊ុន សែន ថា កន្លងមកសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការចូលរួមរៀបចំនូវពិធីបុណ្យសំខាន់ៗ ដូចជាបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដែលមានការតាំងពិព័រណ៍នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម។ លោកបន្តថា សមាគមបានធ្វើការបណ្ដុះបណ្ដាលនៅទូទាំង២០ខេត្តក្រុង អំពីការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងអាជីវកម្ម ជាពិសេសគឺការបណ្ដុះបណ្ដាល ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យមអាចមានលទ្ធភាពទទួលបានកម្ចី នៅក្នុងការអភិវឌ្ឍន៍បន្ថែម។

សម្ដេចប្រធានព្រឹទ្ធសភា បានបង្ហាញនូវការពេញចិត្តចំពោះសកម្មភាពរបស់សមាគមដែលបានចូលរួមក្នុងការជួយបណ្ដុះបណ្ដាលដល់ការពង្រឹង និងពង្រីកនូវសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ពីការគ្រប់គ្រងធនធានមនុស្ស និងការទទួលបាននូវកម្ចីពីស្ថាប័នពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាល ដើម្បីជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីក និងពន្លឿនសេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចបានគូបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាមានជាង៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយមានប្រមាណ ៧៥៣,៦៧០ សហគ្រាស ផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ដែលមានប្រមាណ ២លាន ៩សែននាក់ ដែលបានការងារធ្វើដោយកើតចេញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ បន្ថែមពីលើសនោះ គឺសហគ្រាសធុនតូចនិងមធ្យមទៅកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជា ពិសេសចូលរួមចំណែកចំនួន៩៣% ក្នុងផលិតផលក្នុងស្រុកសរុប នេះបានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីក៏ដូចជាការចូលរួមដ៏សំខាន់នៃសហគ្រាសធុនតូច និងមធ្យមដែលបានជ្រោមជ្រែងនូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្ដេច ហ៊ុន សែន ក៏បានរំលេចបន្ថែមថា សហគ្រាធុនតូច និងមធ្យម តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ក៏ដូចជាជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម ហើយបន្តដោយសម្ដេច ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះក៏បន្តជ្រោមជ្រែងយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យមផងដែរ៕







អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ