នាយករដ្ឋមន្ត្រីបានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល សិក្សាជាមួយវិស័យឯកជនពីការយកខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងកំពង់ចាម។ សម្តេចបញ្ជាក់ថា ខ្សាច់ដែលនៅទន្លេមេគង្គលើ បានធ្វើឱ្យមានបម្រែបម្រួលចរន្តទឹកហូរ ហើយបង្កឱ្យមានការបាក់ច្រាំងទន្លេនៅផ្នែកខាងក្រោម។


ការណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក» ស្ថិតនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។ សម្តេចថ្លែងថា ខ្សាច់នៅទន្លេមេគង្គលើដុះច្រើន ការដុះនេះ បើដុះតែវាមិនអីទេ ប៉ុន្តែវាធ្វើឱ្យប្រែប្រួលចរន្ទទឹក ដូច្នេះវាមកធ្វើឱ្យច្រាំងបាក់នៅផ្នែកខាងក្រោម។
ជាមួយគ្នានេះ សម្តេចក៏បានប្រាប់ឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេសដែលធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។ សម្តេចក៏បានណែនាំក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវពិនិត្យមើលការគ្រប់គ្រងការបូមខ្សាច់ ខណៈនាពេលបច្ចុប្បន្ននេះ ការបូមខ្សាច់បានគ្រប់គ្រងបានច្រើន។
សម្តេចមានប្រសាសន៍ថា «ត្រូវពិនិត្យមើលឱ្យស្រួល សិក្សាឱ្យបានច្បាស់លាស់ អនុវត្ត ជៀសវាងការបូម (បូមខ្សាច់) ខុសកន្លែង ឬមួយខុសបច្ចេកទេស ធ្វើឱ្យបាក់ដីផ្សេងៗ»៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម