កសិករថៃអំពាវនាវឲ្យរដ្ឋាភិបាលអញ្ជើញតារាល្បី Lisa ជួយផ្សព្វផ្សាយផ្លែឈើក្នុងស្រុក

ប្រជាកសិករថៃបានទទូចស្នើសុំឲ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra អញ្ជើញតារាចម្រៀង K-pop ល្បីគឺកញ្ញា Lisa ក្រុម Black Pink មកទស្សនកិច្ចនៅប្រទេសថៃ និងជួយផ្សព្វផ្សាយពីដំណាំផ្លែឈើក្នុងស្រុក ដែលកំពុងមានតម្រូវការទីផ្សារក្រៅប្រទេសធ្លាក់ចុះ។

តាមដានជាមួយយើង៖ Million Times

កាសែត BangkokPost បានចុះរាយការណ៍ថា ប្រជាកសិករថៃបានជួបសំណេះសំណាលជាមួយលោកស្រីនាយករដ្ឋមន្ត្រី អំឡុងពេលថ្នាក់ដឹកនាំបំពេញទស្សនកិច្ចនៅខេត្តចាន់បូរី ហើយពួកគេបានអះអាងថា បើសិនជាកញ្ញា Lisa ជួយផ្សព្វផ្សាយពីផ្លែឈើថៃ នោះទីផ្សារផ្លែឈើក្រៅប្រទេសរបស់ពួកគេ នឹងកាន់តែធំទូលាយថែមទៀត ជាពិសេសគឺមិនចាំបាច់ពឹងផ្អែកលើចិនតែមួយមុខ។

បន្ថែមពីនោះ ប្រជាកសិករថៃ ក៏បានអំពាវនាវសុំឲ្យរដ្ឋាភិបាលខ្នះខ្នែង ជុំវិញការបើកផ្លូវនាំចេញផ្លែឈើទៅក្រៅប្រទេស ដោយសំណូមពរការគាំទ្រពេញទំហឹង គួបផ្សំវត្តមានរបស់តារាចម្រៀងស្រីល្បីឈ្មោះផង រដ្ឋាភិបាលថៃទំនងអាចកើបចំណូលច្រើនជាង ៥០០ពាន់លានបាតក្នុងមួយឆ្នាំ ពីការនាំចេញផ្លែឈើ។

គួរជម្រាបដែរថា កញ្ញា Lisa ពិតជាមានឥទ្ធិពលខ្លាំងក្លាចំពោះអ្នកគាំទ្រទាំងនៅប្រទេសកូរ៉េខាងត្បូង និងអន្តរជាតិ តួយ៉ាងកាលពីប៉ុន្មានឆ្នាំមុន គ្រាន់តែនាងបង្ហោះរូបភាពជាមួយតុក្កតា Labubu ប៉ុន្មានសន្លឹកប៉ុណ្ណោះ អ្នកគាំទ្រភ្លូកទឹកភ្លូកដី សម្រុកនាំគ្នាទិញតុក្កតាប្រភេទនេះ រហូតដល់អស់ពីស្តុកតែម្ដង៕

អត្ថបទ៖ Luffy រូបភាព៖ TheNation