អតីតប្រធានាធិបតីអាមេរិក Joe Biden ពិនិត្យឃើញមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ

កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Joe Biden អតីតប្រធានាធិបតីអាមេរិក ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ប្រាប់ថា លោកកើតមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ដោយពេលនេះ វាបានរីករាលដាលដល់ឆ្អឹងថែមទៀត។

តាមដានជាមួយយើង៖ Million Times

ការិយាល័យរបស់លោក Biden បានប្រាប់សារព័ត៌មាន Reuters ថា អតីតមេដឹកនាំអាមេរិកវ័យ ៨២ឆ្នាំរូបនេះ មានអាការៈមិនស្រួលពាក់ព័ន្ធជាមួយការបត់ជើងតូច ដោយឧស្សាហ៍ស្ទះតម្រងនោម ហើយទើបតែថ្មីៗនេះប៉ុណ្ណោះដែលដឹងថា លោកកើតមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ។

បច្ចុប្បន្នគ្រួសាររបស់លោក Biden កំពុងពិភាក្សាជាមួយក្រុមគ្រូពេទ្យ ពីជម្រើសនៃការព្យាបាលជំងឺ ដោយសារលោកមានវ័យចាស់ជរា ដូច្នេះត្រូវតែពិនិត្យឲ្យហ្មត់ចត់ អំពីផែនការព្យាបាលជំងឺដ៏កាចសាហាវនេះ។

ទោះជាយ៉ាងណា បន្ទាប់ពីការវិនិច្ឆ័យលទ្ធផលរួចរាល់ គ្រូពេទ្យបានប្រាប់គ្រួសារលោក Biden ថា ថ្វីបើតាមអាការៈអ្នកជំងឺមើលទៅដូចជាធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាពជំងឺរបស់លោក Biden គឺនៅស្ថិតក្នុងដំណាក់កាលគ្រប់គ្រងបាន ដូច្នេះបើទទួលការព្យាបាលទាន់ពេល លោកមានសង្ឃឹមខ្ពស់ក្នុងការជាសះស្បើយពីជំងឺមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters