ក្រុមហ៊ុន VinSpeed របស់មហាសេដ្ឋីមានបំផុតនៅវៀតណាម លោក Pham Nhat Vuong បានប្រកាសពីផែនការអភិវឌ្ឍន៍គម្រោងផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីភាគខាងជើង ទៅភាគខាងត្បូង ដែលមានតម្លៃរហូតដល់ ៦១ពាន់លានដុល្លារ។


សារព័ត៌មាន VNExpress បានចុះផ្សាយថា បច្ចុប្បន្នក្រុមហ៊ុនមហាសេដ្ឋីវៀតណាម បាននឹងកំពុងដាក់សំណើសុំការអនុញ្ញាតពីរដ្ឋាភិបាល ដោយមានសង្ឃឹមខ្ពស់ក្នុងការទទួលបានជោគជ័យ។
ក្រុមហ៊ុន VinSpeed បង្ហើបថា ផែនការនេះនឹងបញ្ចប់សព្វគ្រប់ត្រឹមឆ្នាំ២០៣០ ហើយមានគោលដៅពង្រឹងប្រព័ន្ធផ្លូវដែកវៀតណាម ឲ្យកាន់តែជឿនលឿន រួមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការដឹកជញ្ជូនតាមផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែនេះ។

បច្ចុប្បន្ន ក្រុមហ៊ុនរបស់មនុស្សកំពូលលុយ Pham Nhat Vuong កំពុងស្ថិតក្នុងការចរចាជាមួយដៃមកពីប្រទេសជាច្រើនរួមមាន ចិន អាល្លឺម៉ង់ និងជប៉ុន ដើម្បីជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងផលិតកម្មក្នុងស្រុកនៃក្បាលរថភ្លើង ទូរថភ្លើង និងប្រព័ន្ធផ្តល់សញ្ញា៕
អត្ថបទ៖ Luffy រូបភាព៖ VIR