សមយុទ្ធនាគមាស ២០២៥ កម្ពុជា-ចិន ចាប់ផ្តើមហើយ មានកម្លាំងចូលរួមជាង ២ពាន់នាក់ និងសព្វាវុធទំនើបៗ

កងទ័ពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបើកធ្វើសមយុទ្ធ«នាគមាស ២០២៥ លើកទី៧» លើប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមដានជាមួយយើង៖ Million Times

នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិ បានឲ្យដឹងថា «សមយុទ្ធនាគមាស ២០២៥ លើកទី៧» កងទ័ពទាំងពីរប្រទេសកម្ពុជា-ចិន ដោយមានកម្លាំងចូលរួមជាង២ពាន់នាក់ និងសព្វាវុធទំនើបៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធ បានប្រាប់អ្នកសារព័ត៌មានដោយសង្ឃឹមថា តាមរយៈនៃបទពិសោធន៍ដែលកងទ័ពប្រទេសទាំងពីរ ធ្លាប់បានធ្វើជាច្រើនលើកច្រើនសារមកហើយនោះ ប្រតិបត្តិការសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាស ២០២៥ នឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈ និងទទួលបានជោគជ័យតាមការគ្រោងទុក។

សូមជម្រាបជូនថា សមយុទ្ធនាគមាស ២០២៥ ធ្វើឡើងនៅទីតាំងពីរផ្សេងគ្នា ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ ចំពោះកម្លាំងទ័ពចូលរួម ភាគីកម្ពុជាចំនួន ១.៣៣១នាក់ និងភាគីចិនចំនួន ៨៨៥នាក់។ 

ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត សង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ជូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវ មួយចំនួនទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការពារជាតិ