រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ ការប្តេជ្ញាចិត្តនេះធ្វឡើងនារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


នាយឧត្តមសេនីយ៍ លឿង តាមខ្វាង បានសម្ដែងនូវក្ដីសោមនស្សចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តថា៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានពង្រឹង និងពង្រីកជាប់ជាប្រចាំ។
សម្ដេចនាយករដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី