សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។


ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។
ក្នុងឯកសណ្ឋាននាយឧត្ដមសេនីយ៍ សម្ដេច ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។ សម្ដេចបញ្ជាក់បន្ថែមថា ទាំងសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬលក់ទៅឱ្យឯកជននោះឡើយ។
នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ ព្រលានយន្តហោះពោធិ៍ចិនតុងនិងត្រូវបិទទ្វាចាប់ពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ខាងមុខនេះ ដោយជំនួសអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីវិញ ស្ថិតក្នុងខេត្តកណ្តាល។ នេះជាការលើកឡើងរបស់លោក ស៊ិន ចាន់សិរិវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
គិតមកដល់ឆ្នាំ២០២៥នេះ ព្រលានយន្តហោះពោធិ៍ចិនតុង មានអាយុកាល៦៦ឆ្នាំហើយ វាបានក្លាយជានិមិត្តរូបនៃការហោះហើររបស់កម្ពុជាជាច្រើនសម័យកាល រហូតមកទល់ពេលនេះ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ AKP