ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្ពោធរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងធ្វើឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត។


លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សមិទ្ធផលរោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិតនេះ នឹងធ្វើឱ្យយុវជនកម្ពុជា និយាយជារួម និងសិស្ស-និស្សិត ដែលសិក្សានៅវិទ្យាស្ថាន NPIC និយាយដោយឡែក កាន់តែមានសមត្ថភាពជំនាញកាន់តែខ្ពស់បន្ថែមទៀត ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ដែលកំពុងសម្បូរបែប ក្នុងបរិបទបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ លោកថា ការខិតខំបំពាក់បំប៉នដល់សិស្ស-និស្សិតកម្ពុជានូវជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនេះដែរ ក៏ជាគន្លឹះសំខាន់មួយ ក្នុងការបង្កើនការទាក់ទាញវិនិយោគិនពីបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
លោកបានសង្កត់ធ្ងន់ថា៖ «ប្រសិនជាគ្មានការរីកចម្រើនផ្នែកធនធានមនុស្សជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងផលិតភាពនោះទេកម្ពុជាក៏មិនអាចពង្រីកឧត្តមភាពនៃការប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានា ក្នុងការទាក់ទាញគម្រោងវិនិយោគថ្មីៗនោះឡើយ»។

សូមជម្រាបថា រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត គឺជាអំណោយរបស់ក្រុមហ៊ុន Jiangsu Huibo Robotics Technology ដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលធ្វើឱ្យវិទ្យាស្ថានដ៏ទំនើបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយនេះកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានរំលេចផងដែរថា វត្តមាននៃជំនួយរបស់ក្រុមហ៊ុនទំនើបរបស់ចិននេះ នឹងក្លាយជាធ្នាក់នាំយកក្រុមហ៊ុនវិនិយោគចិនធំៗ ឱ្យមកកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានក្រសួងការងារ