ក្រុមហ៊ុនរថយន្តខ្នាតយក្សជប៉ុន Nissan បានប្រកាសពីរបាយការណ៍ប្រចាំឆ្នាំសារពើពន្ធ២០២៤ ដែលបញ្ចប់ត្រឹមខែមីនា ដោយមានចំណូលធ្លាក់ចុះយ៉ាងសន្ធឹក រហូតដល់ ៤,៥ពាន់លានដុល្លារ និងប្រកាសពីផែនការកាត់បន្ថយបុគ្គលិកទូទាំងសកលលោកថែមទៀត។


សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Nissan កំពុងត្រៀមបណ្ដេញបុគ្គលិកជាសកល រហូតដល់ ១៥% ឬប្រហែល ២០ ០០០នាក់ និងថែមទាំងព្រមានអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថានភាពហិរញ្ញវត្ថុក្រុមហ៊ុន ដោយសារតែបញ្ហាពន្ធគយអាមេរិក។
ការខាតបង់របស់ Nissan ឆ្នាំនេះត្រូវបានចាត់ទុកជាការខូចខាតអាក្រក់បំផុតរបស់ក្រុមហ៊ុន ក្នុងរយៈពេល ២ទសវត្សចុងក្រោយ ពោលចំណូលអាក្រក់បំផុតរបស់ Nissan គឺការខាតបង់ប្រចាំឆ្នាំសារពើពន្ធ ១៩៩៩ និង២០០០ ដែលខាតជាង ៥ពាន់លានដុល្លារ។
ទន្ទឹមនឹងការខាតបង់ដ៏សម្បើមនេះ Nissan បានបង្ហើបថា នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនមិនរំពឹងទទួលបានប្រាក់ចំណេញនោះឡើយ ពោលសង្ឃឹមត្រឹមរកចំណូលបានរួចខ្លួន ឬខាតតិចតួចប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ NikkeiAsia