នៅត្រីមាសទីមួយក្នុងឆ្នាំ២០២៥នេះ តម្រូវការមាសនៅប្រទេសថៃបានកើនឡើងរហូតដល់ ១៧% ដែលជាកំណើនច្រើនបំផុតក្នុងចំណោមប្រទេសចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានសិក្សាដោយក្រុមប្រឹក្សាមាសពិភពលោក។


របាយការណ៍ពីក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថា បងធំសេដ្ឋកិច្ចទី២ ប្រចាំតំបន់អាស៊ាន បានកត់ត្រាចំនួនមាសដែលលក់ចេញក្នុងរយៈពេល ៣ខែដំបូង មានរហូតដល់ជាង ៩តោនឯណោះ។
ទន្ទឹមនឹងនោះ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានមើលឃើញពីកំណើននៃតម្រូវការមាស ចន្លោះពី ៥% ទៅ ៨% ខុសប្លែកតែវៀតណាម បែរជាមានការថយចុះនៃតម្រូវការមាស រហូតដល់ ១៥% ទៅវិញ។
គួរជម្រាបដែរថា កំណើននៃតម្រូវការមាសរបស់ប្រជាជន កើតឡើងនៅពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក មានភាពជ្រួលច្របល់ ដែលបង្កជាភាពភ័យខ្លាចនៃការកើតមានវិបត្តិសេដ្ឋកិច្ច។ មាសគឺជារូបិយវត្ថុមួយ ដែលមានតម្លៃថេរល្អ សឹងតែគ្រប់កាលៈទេសៈ ដូច្នេះពេលសេដ្ឋកិច្ចជួបភាពមិននឹងនរ តម្លៃមាសតែងតែឡើងថ្លៃ និងមានតម្រូវការច្រើន៕
អត្ថបទ៖ Luffy រូបភាព៖ AFP