ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឲ្យក្រសួងសន្តិសុខមាតុភូមិ (DHS) ប្រកាសរើសបុគ្គលិកបន្ថែមយ៉ាងតិច ២០ ០០០នាក់ ដើម្បីពន្លឿនការអនុវត្តគោលនយោបាយបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីសហរដ្ឋអាមេរិក។


ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា ផែនការថ្មីនេះត្រូវបានប្រកាសឡើង ក្រោយលោក Trump បង្ហើបពីគំនិតផ្ដួចផ្ដើមជួយចេញថ្លៃធ្វើដំណើរ និងលើកលែងទោស ចំពោះជនអន្តោប្រវេសន៍ណា ដែលស្ម័គ្រចិត្តត្រឡប់ទៅស្រុកកំណើតដោយខ្លួនឯង។
គួររំលឹកបន្តិចថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគយ (ICE) ដែលជាភ្នាក់ងាររង ក្នុងការដោះស្រាយចម្បងជាមួយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បច្ចុប្បន្នមានបុគ្គលិកច្រើនជាង ២១ ០០០នាក់ និងកំពុងស្វែងរកកម្លាំងបន្ថែមទៀត។
គោលនយោបាយបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិក គឺជាអាទិភាពទីមួយសម្រាប់រដ្ឋបាលលោក Trump ដែលមានបំណងសម្រេចឲ្យបាននៅក្នុងអាណត្តិដឹកនាំទី២ ដ្បិតលោកអះអាងថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ កំពុងរស់នៅលើកម្លាំងញើសឈាម និងដណ្ដើមការងាររបស់ជនជាតិអាមេរិក៕
អត្ថបទ៖ Luffy រូបភាព៖ BBC