សារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី១១ ខែឧសភាថា រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump បានបង្ហើបពីគម្រោងទទួលយកអំណោយ ពីគ្រួសាររាជវង្សនៃប្រទេសកាតា ដែលជាយន្តហោះប្រភេទ Boeing 747-8 តម្លៃប្រហែល ៤០០លានដុល្លារ។


យន្តហោះប្រណីតមួយគ្រឿងនេះ នឹងត្រូវប្រគល់ជូនបណ្ណាល័យប្រធានាធិបតី Donald Trump នៅពេលលោកអស់អាណត្តិដឹកនាំ ខណៈវាទំនងត្រូវប្រើប្រាស់ជាយន្តហោះ Air Force One បណ្ដោះអាសន្ន។
ទន្ទឹមនឹងនោះ មេដឹកនាំអាមេរិកបានសរសេរសារលើបណ្ដាញសង្គមថា «មែនហើយក្រសួងការពារជាតិ កំពុងទទួលបានអំណោយហ្វ្រីៗ គឺយន្តហោះ 747 ដើម្បីជំនួសយន្តហោះ Air Force One ដែលមានអាយុ ៤០ឆ្នាំបណ្ដោះអាសន្ន»។

គួរជម្រាបដែរថា ដំណឹងនៃការផ្ដល់អំណោយយន្តហោះប្រណីតនេះ ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតី Donald Trump ប្រកាសពីផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា អំឡុងលោកបំពេញភារកិច្ចនៅតំបន់មជ្ឈិមបូព៌ាក្នុងសប្ដាហ៍នេះ៕
អត្ថបទ៖ Luffy រូបភាព៖ MSN