មន្ត្រីគយចិនធ្វើការមួយថ្ងៃ២៤ម៉ោង ដើម្បីត្រួតពិនិត្យលើការនាំចូលទុរេនពីថៃ

ការនាំចូលផ្លែទុរេនពីប្រទេសថៃ ទៅកាន់ទីផ្សារស្រុកចិនកំពុងមានសន្ទុះជាខ្លាំង ក្រោយអាជ្ញាធរចិនហាមឃាត់ការនាំចូលទុរេនពីវៀតណាម ដោយសាររកឃើញសារធាតុហាមឃាត់។

តាមដានជាមួយយើង៖ Million Times

កំណើននៃការទិញទុរេនពីថៃនេះ បានធ្វើឲ្យមន្ត្រីគយចិនធ្វើការគ្មានថ្ងៃឈប់សម្រាក ពោលមួយថ្ងៃធ្វើការ ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពទុរេនពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីកាសែត The Nations។

រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោកស្រី Narumon Pinyosinwat បានឲ្យដឹងថា អាជ្ញាធរចិនបានបន្ថែមមន្ទីរពិសោធន៍ជាច្រើនកន្លែង នៅតាមតំបន់ព្រំដែនដើម្បីពង្រឹងការត្រួតពិនិត្យសារធាតុគីមី Basic Yellow 2 នៅក្នុងផ្លែទុរេន។

សារធាតុគីមីប្រភេទនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីធ្វើឲ្យទុរេនឆាប់ទុំ និងមានពណ៌លឿងស្អាត ប៉ុន្តែវាត្រូវបានហាមឃាត់ ដោយសារអាចបង្កជាជំងឺមហារីកនាពេលក្រោយ។

គួររំលឹកបន្តិចថា នៅក្នុងឆ្នាំនេះអាជ្ញាធរចិនបាននឹងកំពុងរឹតបន្តឹងយ៉ាងខ្លាំង ចំពោះការនាំចូលផ្លែឈើពីបរទេស ជាពិសេសគឺវៀតណាម ដោយសាររកឃើញថា ផ្លែឈើនាំចូលពីប្រទេសមួយនេះ មានផ្ទុកសារធាតុប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

អត្ថបទ៖ Luffy រូបភាព៖ People’s Daily