មហាសេដ្ឋី និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានប្រកាសថា នឹងបរិច្ចាគទឹកប្រាក់រហូតដល់ ២០០ពាន់លានដុល្លារពីពេលនេះ រហូតដល់ឆ្នាំ២០៤៥ ដើម្បីជួយដោះស្រាយវិបត្តិសកលលោកមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


មហាសេដ្ឋីវ័យ ៦៩ឆ្នាំរូបនេះជឿជាក់ថា ផែនការសប្បុរសធម៌របស់លោក នឹងជួយដោះស្រាយនូវបញ្ហាធំៗដូចជា លុបបំបាត់ជំងឺគ្រុនចាញ់ និងស្វិតដៃស្វិតជើង កាត់បន្ថយអត្រាមរណភាពចំពោះស្ត្រី និងកុមារ ដោយសារភាពអត់ឃ្លាន រួមទាំងកាត់បន្ថយវិបត្តិក្រីក្រជាសកលថែមទៀត។
ផែនការសប្បុរសធម៌របស់មហាសេដ្ឋីចិត្តបុណ្យរូបនេះ កើតឡើងក្រោយរដ្ឋបាលប្រធានាធិបតី Donald Trump ប្រកាសផ្អាកជំនួយជាសកល ហើយអតីត CEO ក្រុមហ៊ុន Microsoft បានរិះគន់ Elon Musk ថា កំពុងព្យាយាមចង់សម្លាប់ក្មេងៗក្រីក្រ តាមរយៈកាត់ផ្ដាច់ជំនួយដែលក្មេងៗទាំងនោះ ត្រូវការជាចាំបាច់។
គួរជម្រាបដែរថា លោក Bill Gates បានបង្កើតមូលនិធិ The Gates Foundation ជាមួយអតីតភរិយា អ្នកស្រី Melinda Gates ក្នុងគោលបំណងជួយដល់ក្មេងៗ និងស្ត្រីនៅតំបន់ក្រីក្រ ដែលភាគច្រើនស្ថិតនៅតំបន់អាហ្វ្រិក។ ចាប់តាំងពីបង្កើតក្នុងឆ្នាំ២០០០ មកទល់ពេលនេះ មូលនិធិមហាសេដ្ឋីអាមេរិក បរិច្ចាគទឹកប្រាក់ប្រហែល ១០០ពាន់លានដុល្លារ និងបានជួយជីវិតមនុស្សរាប់សិបលាននាក់៕
អត្ថបទ៖ Luffy រូបភាព៖ BBC