ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ផ្សារទំនើប Global Harbor ក្នុងទីក្រុងសៀងហៃបានប្រមូលមនុស្សកកកុញ ដោយសារការសម្រុកនាំគ្នាទៅដកលុយ ពីទូ ATM មាសនៅទីនោះ។


សារព័ត៌មាន China Times បានចុះផ្សាយថា នេះគឺជាទូ ATM មាសដំបូងក្នុងទីក្រុងសៀងហៃ ដោយវាអាចឲ្យអ្នកប្រើប្រាស់ យកមាសដុំ និងគ្រឿងអលង្ការមាស ទៅប្ដូរជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ មិនចាំបាច់ហត់យកមាសទៅលក់នៅហាងអលង្ការ។
ប្រជាពលរដ្ឋអាចយកគ្រឿងអលង្ការមាសពួកគេ ទៅដាក់នៅក្នុងទូ ATM ហើយវានឹងថ្លឹងពីទម្ងន់ រួមហើយរំលាយ និងផ្ដល់ជាលុយសុទ្ធវិញ តាមហាងឆេងមាសប្រចាំថ្ងៃ ដោយតម្រូវឲ្យរង់ចាំត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

គួររំលឹកបន្តិចថា ទូ ATM មាសនេះទើបតែមានវត្តមាននៅទីក្រុងសៀងហៃ កាលពីថ្ងៃទី១៦ ខែមេសា ពោលគឺចំពេលតម្លៃមាសលើទីផ្សារអន្តរជាតិឡើងថ្លៃបន្តបន្ទាប់ ជាហេតុធ្វើឲ្យពលរដ្ឋចិននាំគ្នាសម្រុកលក់គ្រឿងអលង្ការមាសតែម្ដង។
ទូ ATM មាសនេះ គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Kinghood Group ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ហើយបច្ចុប្បន្ន ពួកគេបានដាក់ពង្រាយទូ ATM មាសនៅពាសពេញប្រទេសចិន និងមានគម្រោងតំឡើងទូ ATM មាសច្រើនជាង ១០០កន្លែងនៅទីក្រុងសៀងហៃ ដោយសារទីនោះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម័យទំនើបរបស់ចិន៕
អត្ថបទ៖ Luffy រូបភាព៖ Sixth Tone