លោកស្រី Jill Biden ភរិយារបស់អតីតប្រធានាធិបតីអាមេរិក Joe Biden ទើបនឹងរកបានការងារថ្មី បន្ទាប់ពីចាកចេញពីសេតវិមានកាលពីដើមឆ្នាំនេះ។


គេហទំព័រ Fox26 បានឲ្យដឹងថា អតីតជំទាវទីមួយអាមេរិក ត្រូវបានតែងតាំងជាប្រធាននៃគំនិតផ្ដួចផ្ដើម Women Health Network របស់វិទ្យាស្ថាន Milken Institute ដែលផ្ដោតសំខាន់លើការពង្រឹងសុខភាពរបស់ស្ត្រី។
ចំពោះតំណែងមួយនេះ លោកស្រី Biden នឹងត្រូវផ្ដោតសំខាន់លើការពង្រឹងការចូលរួម ការសហការ សកម្មភាពចែករំលែកនៅក្នុងបណ្តាញសុខភាពស្ត្រី ដើម្បីកែលម្អសុខភាព និងសុខុមាលភាពរបស់ស្ត្រី។
គួរជម្រាបបន្តិចថា វិទ្យាស្ថាន Milken Institute អះអាងថា ពួកគេគឺជាអ្នកគិតគូរផ្នែកសេដ្ឋកិច្ច ដែលមិនលំអៀង និងមានមូលដ្ឋាននៅទីក្រុង Santa Monica។ គោលដៅរបស់ Milken Institute គឺផ្តោតលើ “សុខភាពផ្នែកហិរញ្ញវត្ថុ ផ្លូវកាយ ផ្លូវចិត្ត និងបរិស្ថាន” ដើម្បីនាំយកគំនិតដ៏ល្អបំផុត និងធនធានរួមគ្នា ដើម្បីបង្កើតដំណោះស្រាយចំពោះបញ្ហាសកលសំខាន់ៗមួយចំនួន៕
អត្ថបទ៖ Luffy រូបភាព៖ FoxNews