ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនឹងឈប់បន្តផ្ដល់ជំនួយហិរញ្ញវត្ថុ ចំពោះគម្រោងផ្លូវរថភ្លើងល្បឿនលឿនរដ្ឋកាលីហ្វ័រញ៉ា ដែលបានជាប់គាំងអស់រយៈពេលជាយូរមកហើយ។


ទីភ្នាក់ងារព័ត៌មាន Bloomberg ចុះផ្សាយថា ការលើកឡើងរបស់លោក Trump កើតឡើងបន្ទាប់ពីរដ្ឋបាលរបស់លោក បានចុះទៅដល់ទីតាំង និងត្រួតពិនិត្យការអនុលោមតាមច្បាប់ជាផ្លូវការចំពោះគម្រោងមួយនេះ ហើយមានមន្ទិលសង្ស័យជុំវិញអនាគតរបស់ផ្លូវរថភ្លើង ដែលបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៥ ហើយត្រូវបានពន្យារពេលបញ្ចប់គម្រោងជាច្រើនឆ្នាំ។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០០៨ អាជ្ញាធរផ្លូវរថភ្លើងល្បឿនលឿនរដ្ឋកាលីហ្វ័រញ៉ាធ្លាប់អះអាងថា គម្រោងផ្លូវដែកមួយនេះ នឹងចំណាយទឹកប្រាក់ត្រឹម ៣៣ពាន់លានដុល្លារ ហើយអាចបញ្ចប់ត្រឹមឆ្នាំ២០២០។
ប៉ុន្តែជាក់ស្ដែងអស់រយៈ ១០ឆ្នាំកន្លងមក គម្រោងផ្លូវដែកមួយនេះ ទើបសម្រចបានការសាងសង់ប្រហែល ១១៩ម៉ាយ នៃប្រវែងសរុប ៧៧៦ម៉ាយប៉ុណ្ណោះ ហើយបានចំណាយប្រាក់រហូតដល់ ១២៨ពាន់លានដុល្លារហើយ៕
អត្ថបទ៖ Luffy រូបភាព៖ NYT