កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៥» រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងពីរផ្សេងគ្នាលើទឹកដីកម្ពុជា។


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មាន បានឲ្យដឹងថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស ២០២៥» ធ្វើឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ក្នុងគោលបំណងអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងទស្សនៈ សន្តិសុខដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
លោកបន្តថា នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។ សម្រាប់ទីតាំងធ្វើសមយុទ្ធរួមមានទី១៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ កម្លាំងទ័ពចូលរួមភាគីកម្ពុជា មានចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។
ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការពារជាតិ