Ferrari ត្រៀមប្រឡូកទីផ្សាររថយន្តអគ្គិសនីលើកដំបូងនាឆ្នាំក្រោយ

ក្រុមហ៊ុន Ferrari ដែលគ្រប់គ្នាស្គាល់ថាជាអ្នកផលិតរថយន្តដ៏ប្រណីតមួយលើពិភពលោក បានប្រកាសពីផែនការថ្មី ក្នុងការបោះជំហានចូលទីផ្សាររថយន្តអគ្គិសនីលើកដំបូងបំផុត ចំពេលតម្រូវការកំពុងរីកដូចផ្សិត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនរថយន្តមាននិមិត្តសញ្ញារូបសេះនេះ អះអាងថា រថយន្តអគ្គិសនីដំបូងរបស់ Ferrari នឹងចាប់ផ្ដើមដាក់លក់ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ខណៈបច្ចុប្បន្នក្រុមហ៊ុនបញ្ជាក់ថា ផែនការមួយនេះកំពុងស្ថិតក្នុងដំណាក់កាលផលិត។

CEO ក្រុមហ៊ុនរថយន្តកំពូលមួយនេះ លោក Benedetto Vigna បានប្រាប់បណ្ដាញសារព័ត៌មាន ក្រុមហ៊ុននឹងដាក់តាំងបង្ហាញនូវ «បេះដូងបច្ចេកវិទ្យា» របស់រថយន្តជំនាន់ចុងក្រោយ គឺរថយន្តអគ្គិសនីនេះ នៅថ្ងៃទី០៩ ខែតុលាខាងមុខ ហើយលោកសង្កត់ធ្ងន់ថា វត្តមានរថយន្តអគ្គិសនីរបស់ Ferrari នឹងក្រឡុកទីផ្សាររថយន្ត EV ទូទាំងសកលលោកជាមិនខាន។

គួរជម្រាបដែរថា បើទោះជា CEO របស់ Ferrari ចេញមុខអះអាងពីផែនការលក់រថយន្តអគ្គិសនីដំបូងក្ដី ប៉ុន្តែមកទល់ពេលនេះរូបរាងនៃរថយន្ត កម្លាំងម៉ាស៊ីន និងតម្លៃ មិនទាន់មានព័ត៌មានច្បាស់ការឡើយ តែបើតាមអ្នកជំនាញព្យាករថា រថយន្តជំនាន់ចុងក្រោយរបស់ Ferrari មានតម្លៃយ៉ាងតិច ៥០០ ០០០ដុល្លារ ផ្អែកលើការរចនា និងភាពប្រណីតរបស់ក្រុមហ៊ុននេះ៕

អត្ថបទ៖ Luffy រូបភាព៖ MotorTrend