រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគ្រោងជួបជាមួយភាគីចិននៅស្វីស ពិភាក្សាបញ្ហាពន្ធគយ

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែឧសភាថា រដ្ឋមន្ត្រី​ក្រសួងរតនាគារអាមេរិក Scott Bessent រួមទាំងលោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មអាមេរិក មានគម្រោងជួបជាមួយមន្ត្រីចិននៅប្រទេសស្វីសក្នុងសប្ដាហ៍នេះ។

តាមដានជាមួយយើង៖ Million Times

ការិយាល័យរដ្ឋមន្ត្រីអាមេរិកទាំង២ បានអះអាងថា លោក Bessent និងលោក Greer នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងហ្សឺណែវនាថ្ងៃទី០៨ ខែឧសភា ដើម្បីជួបជាមួយប្រធានាធិបតីស្វីស Karin Keller-Sutter ពិភាក្សាពីបញ្ហាពន្ធគយសងសឹករវាងប្រទេសទាំង២។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ មន្ត្រីអាមេរិកទាំង២ រូប ក៏មានគម្រោងជួបជាមួយភាគីតំណាងចិន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាពន្ធគយ ដែលមហាយក្សសេដ្ឋកិច្ចទាំង២ កំពុងតឹង​សរសៃកជាមួយគ្នា។

ការិយាល័យរដ្ឋមន្ត្រីអាមេរិកទាំង២ មិនបានបញ្ជាក់ឡើយថា មន្ត្រីចិនរូបណានឹងធ្វើដំណើរស្កាត់ពីទីក្រុងប៉េកាំង ដើម្បីជួបជាមួយលោក Bessent និងលោក Greer នៅទីក្រុងហ្សឺណែវឡើយ ប៉ុន្តែមានក្ដីរំពឹងថា ឧបនាយករដ្ឋមន្ត្រី He Lifeng អាចបង្ហាញវត្តមាន ដោយសារលោកគឺជាអ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានផ្នែកចរចាពាណិជ្ជកម្មយ៉ាងស្ទាត់ជំនាញ៕

អត្ថបទ៖ Luffy រូបភាព៖ TheStreet