លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងចាត់ទុកសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជារដ្ឋបុរសរបស់អាស៊ាន ក៏ព្រោះសម្តេចជាមេដឹកនាំមួយរូបដែលបានធ្វើកិច្ចការយូរជាងគេនៅអាស៊ាន ក៏ដូចជាផ្តល់វិភាគទានគំនិត និងដំណោះស្រាយជាច្រើននៅក្នុងអាស៊ាន។


ស្ថិតក្នុងជំនួបនាវិមានប្រធានាធិបតី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេច ហ៊ុន សែន បំពេញទស្សនកិច្ចក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងថា ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេច ហ៊ុន សែន ជារដ្ឋបុរសដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។
លោកបានគូសរំលេចថា ឥណ្ឌូនេស៊ីតែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ ដោយ សន្តិវិធីនៅកម្ពុជា កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ដែលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីលើគ្រប់វិស័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូនេស៊ីជាង ៣៧ឆ្នាំហើយ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។ ដូច្នេះសមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូនេស៊ីឡើយ។ សម្តេចបន្តថា កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។
សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត។
ជាមួយគ្នានេះ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បន្តលើកឡើងថា ឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នាលើផ្នែកនេសាទ ហើយឥណ្ឌូនេស៊ី ត្រៀមឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទ និងឋាមពលនៃប្រទេសទាំងពីរ។
ក្នុងជំនួបដដែលនេះ សម្តេច ហ៊ុន សែន និងលោក ប្រាបូវ៉ូ បានពេញចិត្តនឹងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយក៏ជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ