ក្រុមហ៊ុនយក្សជប៉ុន Aeon ដាក់ផែនការធំពង្រីកសាខាដល់ ១០០កន្លែងនៅវៀតណាម

ក្រុមហ៊ុនលក់រាយធំបំផុតនៅជប៉ុន Aeon បានប្រកាសពីផែនការពង្រីកទីផ្សាររបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ ដោយអះអាងថា មានបំណងបង្កើនសាខានៅប្រទេសវៀតណាម រហូតដល់ ១០០កន្លែងត្រឹមឆ្នាំ២០៣០។

តាមដានជាមួយយើង៖ Million Times

កាសែត Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនយក្សនេះថែមទាំងមានបំណងបង្កើត “ផ្សារទំនើបទ្រង់ទ្រាយធំ” ជាច្រើនកន្លែង ដែលមានលក់ផលិតផលចម្រុះគ្រប់មុខ រាប់ចាប់តាំងពីបន្លែត្រីសាច់ រហូតដល់សម្ភារៈប្រើប្រាស់ទាន់សម័យ។

គោលដៅនៃការពង្រីកខ្លួនសម្បើមរបស់ក្រុមហ៊ុន Aeon បានបញ្ជាក់ច្បាស់ៗថា ដើម្បីប្រកួតប្រជែងទីផ្សារប្រចាំតំបន់អាស៊ាន ជាមួយក្រុមហ៊ុនថៃ Central ក្នុងវិស័យលក់រាយ។

សូមជម្រាបដែរថា បច្ចុប្បន្ន Aeon មានសាខាសរុបចំនួន ៧ទីតាំងនៅវៀតណាម ហើយទីនោះក៏ជាប្រភពចំណូលធំបំផុតរបស់ក្រុមហ៊ុនផងដែរ។ កាលពីឆ្នាំទៅ ផ្សារទំនើប Aeon Mall នៅវៀតណាម រកចំណូលឲ្យក្រុមហ៊ុនមេបានច្រើនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងច្រើនបំផុតទី២ ទូទាំងសកលលោក បន្ទាប់ពីប្រទេសចិន៕

អត្ថបទ៖ Luffy រូបភាព៖ Aeon