តំបន់ដែលក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk កំពុងធ្វើប្រតិបត្តិការ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរដ្ឋតិចសាស់ ពេលនេះបានប្រែក្លាយជាទីក្រុងផ្លូវការមួយ និងមានឈ្មោះថា Starbase។


ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ថា ប្រជាជនបានសម្រេចបោះឆ្នោត និងអនុម័តចំពោះការបង្កើតទីក្រុងថ្មី Starbase នេះកាលពីថ្ងៃសៅរ៍ ទី០៣ ខែឧសភា។ អ្នកដែលមានសិទ្ធបោះឆ្នោតសរុប ២៨៣នាក់ ហើយភាគច្រើនសុទ្ធតែជាបុគ្គលិករបស់ SpaceX ខណៈលទ្ធផលបង្ហាញថា សម្លេងគាំទ្រឲ្យបង្កើតទីក្រុងថ្មីមាន ២១២សម្លេង និង ៦សម្លេងទៀតប្រឆាំង។
ទីក្រុងថ្មីនេះមានផ្ទៃក្រឡា ៣,៩គីឡូម៉ែត្រការ៉េ និងជាតំបន់វាលរហោឋាន មុនពេលក្រុមហ៊ុន SpaceX ចាប់ផ្ដើមទិញដីនៅតំបន់នេះក្នុងឆ្នាំ២០១២។ បច្ចុប្បន្ន ទីក្រុង Starbase មានមនុស្សរស់នៅប្រហែល ៥០០នាក់។

រដ្ឋាភិបាលទីក្រុងនឹងតែងតាំងអភិបាលក្រុងមួយរូប និងស្នងការពីររូប ដែលនឹងមានអំណាចលើការធ្វើផែនការ ការយកពន្ធ និងបញ្ហាក្នុងស្រុកផ្សេងទៀត ដោយអភិបាលក្រុងដំបូងរបស់ទីក្រុង Starbase គឺលោក Bobby Peden អនុប្រធានក្រុមហ៊ុន SpaceX។
ទីក្រុង Starbase នឹងត្រូវរាប់បញ្ចូលជាទីក្រុង Type C ដែលមានមនុស្សតិចជាង ៥ ០០០នាក់ និងអនុញ្ញាតឱ្យមន្ត្រីអាចយកពន្ធលើអចលនទ្រព្យ រហូតដល់ ១,៥% នេះបើយោងតាមសម្ព័ន្ធនៃរដ្ឋតិចសាស់៕
អត្ថបទ៖ Luffy រូបភាព៖ BBC