សម្តេច ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីក្នុងអាហារ ដើម្បីកាត់បន្ថយការកើតជំងឺមហារីក ដែលកំពុងមានការកើនឡើងគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ ការដាក់បញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍រកឃើញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ។


ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នាព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា មូលហេតុចម្បងៗនៃការកើតជំងឺមហារីករួមមាន៖ អាហារូបត្ថម្ភមិនត្រឹមត្រូវ (បន្លែ សាច់ និងអាហារផ្សេងៗ) អាហារផុតកំណត់ ឬមានសារធាតុគីមីលើសកម្រិត កង្វះលំហាត់ប្រាណ និងសកម្មភាពកីឡា។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្តេចបានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី។
ទន្ទឹងនឹងនេះ ក្រសួងអប់រំយុវជន និងកីឡា ត្រូវបង្កើនការអប់រំនៅតាមសាលារៀនអំពីការបង្ការជំងឺមហារីក។ ពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក។ ទប់ស្កាត់ការជក់បារី ជាពិសេសបារីអគ្គិសនី (Vape)។ ជំរុញប្រជាពលរដ្ឋឱ្យលេងកីឡា និងហាត់ប្រាណជាប្រចាំ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបង្កើនការបង្កើតសួនសាធារណៈសម្រាប់លំហាត់ប្រាណ។ លើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យតាមតំបន់។
បន្ថែមពីលើនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការបង្ការជំងឺជាជាងរង់ចាំដល់ពេលឈឺទើបស្វែងរកការព្យាបាល៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី