កំពូលមហាសេដ្ឋីអាមេរិក Warren Buffett ដែលគ្រប់គ្នាស្គាល់ថា ជាស្ដេចត្រាញ់ក្នុងវិស័យវិនិយោគភាគហ៊ុន បានប្រកាសចុះចេញពីតំណែងជានាយកប្រតិបត្តិ ប្រចាំក្រុមហ៊ុន Berkshire Hathaway បន្ទាប់ពីអង្គុយកៅអីមួយនេះអស់រយៈពេល ៦០ឆ្នាំ។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Buffett នឹងចុះចេញពីកៅអី CEO នៅចុងឆ្នាំ២០២៥ និងបានប្រកាសផ្ទេរតំណែងមួយនេះ ទៅកាន់លោក Greg Abel ដែលជាអនុប្រធានក្រុមហ៊ុនបច្ចុប្បន្ន។
មហាសេដ្ឋីវ័យ ៩៤ឆ្នាំរូបនេះបានអះអាងថា លោក Abel គឺពិតជាសក្ដិសមបំផុតក្នុងការទទួលបានការតែងតាំងមួយនេះ ដ្បិតលោកមានសមត្ថភាពគ្រប់គ្រាន់ ហើយហ្មត់ចត់ជាមួយការងារ ជាពិសេសគឺមានទំនួលខុសត្រូវខ្ពស់។

លោក Buffett បាននិយាយថា ផែនការផ្ទេរតំណែង និងការចុះចេញរបស់លោក មិនត្រូវបានបង្ហើបឲ្យក្រុមប្រឹក្សាភិបាលដឹងជាមុនឡើយ ពោលលោកគ្រាន់តែមានគម្រោងនេះយូរណាស់មកហើយ និងទើបតែសម្រេចចិត្តប្រកាសដំណឹងនេះជាសាធារណៈប៉ុណ្ណោះ។
គួរជម្រាបបន្តិចថា លោក Warren Buffett មានឈ្មោះបោះសម្លេងនៅក្នុងវិស័យជួញដូរភាគហ៊ុន និងវិនិយោគ ដោយគ្រប់គ្នាសុទ្ធតែចាត់ទុកលោកជាគ្រូធំក្នុងវិស័យមួយនេះ ដោយសារភាពប៉ិនប្រសព្វ និងយុទ្ធសាស្ត្រនៃការបណ្ដាក់ទុនរបស់លោក។ បច្ចុប្បន្នលោក Buffett គឺជាមហាសេដ្ឋីមានបំផុតលើលោកទី០៥ ដោយមានទ្រព្យសម្បត្តិសរុបប្រហែល ១៦៩ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters