មហាសេដ្ឋីថៃម្នាក់ត្រូវជាប់ទោសដាក់ពន្ធនាគារ ២៤ឆ្នាំ ពីបទរំលោភយកដីតំបន់ការពារធម្មជាតិ

កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥ តុលាការ​ឧក្រិដ្ឋកម្ម​មជ្ឈិម​សម្រាប់​អំពើ​ពុករលួយ និង​ការ​ប្រព្រឹត្ត​ខុស បានកាត់ទោសមហាសេដ្ឋីថៃ Prayudh Mahagitsiri ឲ្យជាប់ពន្ធនាគារយៈពេល ២៤ឆ្នាំ ក្រោមបទចោទប្រកាន់ថា អ្នកជំនួញរូបនេះបានរំលោភបំពានយកដីតំបន់ការពារធម្មជាតិ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា អាជ្ញាធរប្រឆាំងអំពើពុករលួយបានស៊ើបអំពីរឿងនេះតាំងពីឆ្នាំ២០២១ ដោយបានចោទថា រមណីយដ្ឋានវាយកូនហ្គោលរបស់លោក Prayudh បានឃុបឃិតជាមួយមន្ត្រីមួយចំនួន ដើម្បីទទួលបានប្លង់ដី ពង្រីកទំហំកន្លែងវាយកូនហ្គោល Mountain Creek Golf Resort and Residences របស់លោក។

រមណីយដ្ឋានមួយកន្លែងរបស់មហាសេដ្ឋីវ័យ ៧៩ឆ្នាំរូបនេះ មានទំហំរហូតដល់ ៩០០អាក (៣៦០ហិចតា) មានទីតាំងនៅខេត្ត Nakhon Ratchasima ខណៈអាជ្ញាធរអះអាងថា ដីទំហំ ៧៤អាកនៅរីសតនោះ គឺជាដីតំបន់ការពារធម្មជាតិ ដែលត្រូវបានការពារដោយច្បាប់អភិរក្ស។

ក្រោយការស្រាវជ្រាវជាច្រើនឆ្នាំ តុលាការបានប្រមែប្រមូលភ័ស្តុតាង និងបានសម្រេចផ្ដន្ទាទោសលោក Prayudh ឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ រួមទាំងមនុស្ស ១០នាក់ទៀត ដែលមានកូនស្រីរបស់លោកផងដែរ ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ។ លោក Prayudh ក៏បានធ្វើការប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមនេះផងដែរ។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២៤ គេហទំព័រ Forbesបានចាត់ទុកលោក Prayudh ជាកំពូលមហាសេដ្ឋីមានបំផុតទី១០ ប្រចាំប្រទេសថៃ ដោយមានទ្រព្យសម្បត្តិប្រហែល ២,៦ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Links2Golf