សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»។
ក្នុងសារលិខិត សម្តេចបានចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានខ្មែរ និងបរទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួនជូនដល់សាធារណជន។
សម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ផ្តោតសំខាន់លើបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរពគោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់៕







អត្ថបទ៖ មោលី