នៅព្រឹកថ្ងៃទី១ ខែឧសភា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ដែលបាននាំយកថវិកាចំនួន ៣០ម៉ឺនដុល្លារអាម៉េរិក មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។


កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ទ្រីភាព គ្រុប ឯ.ក បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២២លើក មានថវិកាសរុប ៤.៧៩៥.០០០ ដុល្លារអាម៉េរិក និង២លានរៀល។

ស្ថិតក្នុងឱកាសនោះ ស្ត្រីទី១កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។

លោកអ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាពិសេសដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕
អត្ថបទ៖ មោលី រូបភាព៖ Cambodian Red Cross