កំពូលមហាសេដ្ឋីមានបំផុតលើពិភពលោក Elon Musk បានបាត់បង់ទ្រព្យសម្បត្តិច្រើនសន្ធឹក បន្ទាប់ពីលោកបោះជំហានចូលក្នុងឆាកនយោបាយ ជាមួយប្រធានាធិបតីអាមេរិក Donald Trump។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មេធំ Tesla បានរបូតអស់ ១១៣ពាន់លានដុល្លារ ឬប្រហែល ២៥% ពីចំនួនទ្រព្យសម្បត្តិសរុប ចាប់តាំងពីថ្ងៃទី១៧ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមេសា។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Tesla ក៏រងការខូចខាតយ៉ាងដំណំផងដែរ ដោយចាប់ពីថ្ងៃទី១៧ ខែមករា រហូតដល់ចុងខែមេសា តម្លៃហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីនេះ មានការធ្លាក់ចុះ ៣៣% និងបានធ្វើឲ្យពួកគេខាតលុយប្រហែល ៤៤៨ពាន់លានដុល្លារ។
បន្ទាប់ពីទទួលរងនូវការខាតបង់ជាបន្តបន្ទាប់បែបនេះ Elon Musk បានចេញមុខប្រាប់ជាសាធារណៈថា លោកនឹងសម្រាកពីការងារក្នុងជួររដ្ឋាភិបាលក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីផ្ដោតសំខាន់លើការរកស៊ីវិញ ជាពិសេសគឺស្រោចស្រង់ស្ថានការណ៍របស់ក្រុមហ៊ុន Tesla ដែលបច្ចុប្បន្នកំពុងធ្លាក់ចុះការលក់ជាខ្លាំង៕
អត្ថបទ៖ Luffy រូបភាព៖ MSN