ថវិកាជិត ៨លានដុល្លារក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងរយៈពេល ២៤ឆ្នាំ

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបន្តនាំយកថវិកាចំនួន ១លានដុល្លារមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដែលគិតមកពេលបច្ចុប្បន្នមានរយៈពេល ២៤ឆ្នាំសរុុបទឹកប្រាក់ប្រមាណជិត ៨លានដុល្លារអាមេរិក។

កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៤៤លើក មានថវិកាសរុប ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

តាមដានជាមួយយើង៖ Million Times

ស្ថិតក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុងដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ 

ជាកិច្ចឆ្លើយតប លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាពិសេសដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ កាកបាទក្រហមកម្ពុជា