ថ្ងៃស្អែកមន្រ្តីកម្ពុជា បន្តជួបជជែករឿងពន្ធអាមេរិក បើតម្រូវឱ្យហោះទៅវ៉ាស៊ីនតោន គឺក្រុមការងារទៅភ្លាម

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហាញវឌ្ឍនភាពនៃការចរចារពន្ធជាមួយអាមេរិក ដោយគូសបញ្ជាក់ថា ការចរចារពាណិជ្ជកម្មមិនងាយស្រួលនោះទេ ហើយបើទោះបីស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល បន្តបន្តប្រឹងប្រែងដើម្បីការពារអត្ថប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភានេះ សម្តេចហ៊ុន ម៉ាណែត បានឲ្យដឹងថា ថ្ងៃស្អែកក្រុមការងាររបស់កម្ពុជា បន្តជួបជាមួយឯកអគ្គរដ្ឋទូត លោក Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បើតម្រូវឱ្យហោះទៅអាមេរិក គឺក្រុមការងារទៅភ្លាម។

តាមដានជាមួយយើង៖ Million Times

សម្តេចក៏បានសម្តែងការហួសចិត្តនឹងក្រុមបក្សពួកប្រឆាំងនៅក្រៅស្រុក ដែលនាំគ្នាទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យដាក់សម្ពាធពាណិជ្ជកម្មលើកម្ពុជា។ សម្តេចបានចោទសួរថា កម្ពុជាកំពុងដោះស្រាយបញ្ហាជាមួយអាមេរិក តើសម ឬចាំបាច់ទេ ដែលទៅស្នើអឺរ៉ុបឱ្យដាក់សម្ពាធលើកម្ពុជា នាំការលំបាកដល់ពលរដ្ឋកម្ពុជា រួមទាំងអ្នកដែលគាំទ្រពួកគេផងនោះ។

ទង្វើររបស់ក្រុមប្រឆាំងនៅក្រៅប្រទេសនេះ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ចាត់ទុកជាសកម្មភាពដែលមិនបានជួយកម្ពុជា ហើយយកជើងរាទឹកថែមទៀត។ សម្តេចស្នើឱ្យពលរដ្ឋកត់សម្គាល់នូវទង្វើរបស់ក្រុមប្រឆាំង ដែលនាំការលំបាកសម្រាប់ជាតិ និងប្រជាជន។

ជាមួយគ្នានេះដែរ សម្តេចម ហ៊ុន ម៉ាណែត ណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញមកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។ សម្តេចបានលើកបង្ហាញទិន្នន័យដែលបានស្រាវជ្រាវថា ឆ្នាំ២០២៤ អាមេរិក មានឱនភាពពាណិជ្ជកម្ម (នាំចេញតិច នាំចូលច្រើន) ជាមួយប្រទេសជាង ១០០ប្រទេស។ ចិន អតិរេក ១៥០ប្រទេស នាំចេញចេញច្រើន នាំចូលតិច។ ចិន នាំចេញផលិតផលសំរេច និងវត្ថុធាតុដើម។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា អាមេរិកនាំចូលច្រើន ព្រោះអាមេរិក ចំណាយលើការទិញច្រើន ខណៈចិនផ្អែកលើការផលិត និងនាំចេញ។ សម្តេចបានថ្លែងបញ្ជាក់ថា កម្ពុជាគ្មានចេតនាផ្តាច់ពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី