សាលាឧទ្ធរណ៍ភ្នំពេញ ផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងជំងឺចិត្តគ្រួសារជនរងគ្រោះដែលស្លាប់ម្នាក់ៗ ១លានដុល្លារ 

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់ការផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងសងជំងឺចិត្តគ្រួសារជនរងគ្រោះដែលស្លាប់ម្នាក់ៗ ១លានដុល្លារ ចំណែកជនរងគ្រោះដែលរងរបួស ម្នាក់សង ៣០ម៉ឺនដុល្លារ ហើយម្នាក់ទៀត សង ២០ម៉ឺនដុល្លារ។

សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយឈ្មោះស្រី ស៊ីណា ត្រូវផ្តន្ទាទោសពីបទល្មើសចំនួន ៣៖

១. បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។ 

២. បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

៣. បទរំលោភលើលំនៅឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។

សរុបទាំង ៣ សំណុំរឿងនេះ ជនល្មើស ស្រី ស៊ីណា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល។ 

ក្រៅពីនេះ បើតាមសាលាឧទ្ធរណ៍ភ្នំពេញ ជនជាប់ចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវសងសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងម្នាក់ៗ ១លានដុល្លារអាមេរិក ជនរងគ្រោះដែលរងរបួស ២​នាក់ ម្នាក់ ២០ ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត ៣០ម៉ឺនដុល្លារអាមេរិក និងម្ចាស់ផ្ទះដែលត្រូវបានស្រី ស៊ីណា រំលោភលើលំនៅឋាន ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ បណ្តាញសង្គម