កាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅចិនចំនួន៣ គឺ China Southern Airlines, Air China និង China Eastern បានប្រកាសពីរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសទីមួយ ហើយសុទ្ធតែទទួលបានការខាតបង់ដូចគ្នា។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចិនទាំង៣ នេះ ហាក់កំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយបានប្រកាសពីការខាតបង់ ៥ឆ្នាំជាប់គ្នា ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩។
ក្រុមហ៊ុនទាំង៣ នេះបានអះអាងថា បច្ចុប្បន្នទីផ្សារប្រកួតប្រជែងក្នុងស្រុកច្រើន តម្រូវការហោះហើរទាំងក្នុង និងក្រៅប្រទេសមានទាប បញ្ហាសង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ សុទ្ធតែជាឫសគល់នៃការខាតបង់របស់ក្រុមហ៊ុន។
ក្រុមហ៊ុន Air China ប្រកាសពីការខាតបង់នៅត្រីមាសទីមួយប្រហែល ២ពាន់លានយ៉ន់ ខណៈក្រុមហ៊ុន China Eastern ខាតលុយ ៩៩៥លានយ៉ន់ ស្របពេលChina Southern ខាត ៧៤៧លានយ៉ន់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សទាំង៣ នេះ កំពុងតែបង្ហាញក្ដីបារម្ភថា សង្គ្រាមពន្ធគយរវាងចិន និងអាមេរិក នឹងបង្កផលប៉ះពាល់កាន់តែខ្លាំងដល់វិស័យអាកាសចរណ៍មួយកម្រិតថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ SimpleFlying