វៀតណាមដាក់ទោសអតីតអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទស៊ីសំណូកសូកប៉ាន់

នាថ្ងៃអង្គារ ទី២៩ ខែមេសា តុលាការវៀតណាមបានសម្រេចដាក់ទោសអតីតអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Hoang Quoc Vuong ឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ក្រោយរកឃើញថា លោកបានទទួលការសូកប៉ាន់ពីក្រុមហ៊ុនឯកជន ជុំវិញការដេញថ្លៃអភិវឌ្ឍគម្រោងថាមពលបន្ទះសូឡា។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា អតីតអនុរដ្ឋមន្ត្រីវ័យ ៦២ឆ្នាំរូបនេះ បានសារភាពថា ពិតជាទទួលបានការសូកប៉ាន់ ៥៧ ៦០០ដុល្លារ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនចំនួន៣ ក្នុងភាគខាងត្បូងខេត្ត Ninh Thuan ក្លាយជាដៃគូគម្រោងអភិវឌ្ឍន៍ថាមពលបន្ទះសូឡា ជាមួយអគ្គិសនីវៀតណាម។

តាមការបញ្ជាក់ពីសាលក្រមបានឲ្យដឹងថា អគ្គិសនីវៀតណាមបានចំណាយប្រាក់ប្រហែល ១៥៤លានដុល្លារ ដើម្បីទិញបន្ទះសូឡាពីក្រុមហ៊ុនចំនួន៣ នៅខេត្ត Ninh Thuan ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលវាមានតម្លៃខ្ពស់ជាងទីផ្សារ ហើយធ្វើឲ្យរដ្ឋាភិបាលខាតលុយច្រើនជាង ៤០លានដុល្លារអំឡុងពេលនោះ។

តុលាការវៀតណាមបានបញ្ជាឲ្យក្រុមហ៊ុនទាំង៣នោះ សងថ្លៃខូចខាតចំនួន ៤០លានដុល្លារ ទៅកាន់អគ្គិសនីវៀតណាមវិញ ខណៈគ្រួសាររបស់លោក Vuong ក៏បានយល់ព្រមសងប្រាក់ ដែលលោកទទួលបានពីការសូកប៉ាន់ទាំងអស់ ជូនដល់រដ្ឋាភិបាលផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Vietbao