Aeon ចាយទុនជាង ២០០លានដុល្លារ សាងសង់ផ្សារទំនើបខ្នាតយក្សមួយទៀតនៅវៀតណាម

កាលពីថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន Aeon Mall បានចាប់ផ្ដើមពិធីបើកការដ្ឋានសាងសង់គម្រោងផ្សារទំនើប Aeon Mall Can Tho ដែលមានដើមទុនសរុប ៥,៤ទ្រីលានដុង ឬប្រហែល ២០៨,៧លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន VNA បានឲ្យដឹងថា ពេលបញ្ចប់ការសាងសង់ គម្រោងមួយនេះនឹងក្លាយជាផ្សារទំនើបធំបំផុតប្រចាំតំបន់ Mekong Delta ដោយវាមានទំហំធំជាងមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតនៅវៀតណាមបច្ចុប្បន្ន រហូតដល់ ៩ដងឯណោះ។

ផែនការសាងសង់នេះ ត្រូវបែងចែកជា ២ដំណាក់កាល ដោយដំណាក់កាលទីមួយ នឹងចាប់ផ្ដើមសាងសង់មជ្ឈមណ្ឌលទិញទំនិញ នៅលើផ្ទៃដីជិត ១១៤ ០០០ម៉ែត្រការ៉េ ហើយដំណាក់កាលទីពីរ នឹងសង់មជ្ឈមណ្ឌលទិញទំនិញទី២ រួមជាមួយអគារចំណតយានយន្ត លើផ្ទៃដី ៨១ ១០០ម៉ែត្រការ៉េ។

ដំណាក់កាលទីមួយត្រូវបានរំពឹងថា នឹងអាចដំណើរការទៅបានក្នុងរយៈពេល ៣៦ខែ ខណៈដំណាក់កាលទីពីរ នឹងចាប់ផ្ដើមក្នុងរយៈពេល ១០ឆ្នាំ បន្ទាប់ពីបញ្ចប់ដំណាក់កាលទីមួយ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក។

សូមជម្រាបដែរថា ក្រុមហ៊ុន Aeon Mall មានបំណងពង្រីកសាខាផ្សារទំនើបរបស់ខ្លួននៅវៀតណាម រហូតដល់ ២០ទីតាំង ខណៈបច្ចុប្បន្នផ្សារទំនើប Aeon កំពុងមានប្រតិបត្តិការ ៧ទីតាំង នៅក្នុងទីក្រុងសំខាន់ៗរបស់វៀតណាម ដូចជាទីក្រុងហាណូយ និងហូជីមិញជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ VNA